សញ្ញាណអវិជ្ជមាន៤យ៉ាងបញ្ជាក់ថា លោកអ្នកមិនអាចបញ្ចេញសក្ដានុពលរបស់ខ្លួនឲ្យអស់នៅកន្លែងការងារ
១) ចូលចិត្តធ្វើការងារដែលងាយៗពេក
ប្រសិនបើ ជារៀងរាល់ថ្ងៃ អ្នកធ្វើតែការងារស្រួលៗនោះ វាពិតជាមិនអាចជួយពង្រឹងសមត្ថភាពរបស់អ្នកបានឡើយ។ ធ្លាប់តែធ្វើការងារស្រាលៗ និង ស្រួលៗ តែនៅពេលជួបបញ្ហាធ្ងន់ធ្ងរ ឬ លំបាកខ្លាំងនោះ អ្នកប្រាកដជាមិនអាចស៊ូទ្រាំបានឡើយ ហើយប្រហែលជាសុខចិត្តបោះបង់ ទាំងកណ្តាលទី។ ដូច្នេះហើយ អ្នកមិនគួរបន្តរីករាយជាមួយនឹងការងារ ស្រួលៗទាំងនោះទេ ពោលគឺគួរតែរៀនបន្សាំខ្លួនជាមួយនឹង អ្វីដែលពិបាកៗ ទើបធ្វើឲ្យអ្នកអាចបញ្ចេញសក្ដានុពលពេញលេញបាន។
២) អ្នកមិនបានស្វែងរកអ្វីថ្មីដើម្បីរៀនសូត្រ
ការរៀនសូត្រ គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ បើទោះបីជា ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនអាចព្រងើយកន្តើយនឹងការរៀនសូត្រឡើយ។ ប្រសិនបើអ្នក មិនព្រមព្យាយាមស្វែងរកអ្វីដែលថ្មី ដើម្បីរៀនសូត្រ មានន័យថា អ្នកមិនអាចអភិវឌ្ឍខ្លួនទៅមុខ ឬ អាចប្រើប្រាស់សក្ដានុពលរបស់ខ្លួន ឲ្យស្របតាមស្ថានការណ៍ជាក់ស្តែងនោះឡើយ។
៣) អ្នកមិនចូលចិត្តបង្កើតទំនាក់ទំនងល្អជាមួយ មនុស្សជុំវិញខ្លួន
ការ ទំនាក់ទំនង ពិតជាសំខាន់មិនអាចខ្វះបានសម្រាប់ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែមនុស្សមួយចំនួនហាក់ដូចជា មិនសូវយកចិត្តទុកដាក់លើផ្នែកនេះនោះឡើយ ជាហេតុធ្វើឲ្យពួកគេមិនអាចអភិវឌ្ឍខ្លួនទៅជា មនុស្សម្នាក់ដែលមានសក្ដានុពលបានឡើយ។ គ្មាននរណាម្នាក់ អាចចេះគ្រប់រឿងឡើយ ដូច្នេះទំនាក់ទំនងពិតជាអាចជួយ ផ្តល់ភាពវិជ្ជមានឲ្យគ្នាទៅវិញទៅមក ជាពិសេសនោះគឺការបំពេញចំណុចខ្វះខាត។
៤) គ្មានគំនិតសុទិដ្ឋិនិយម
រាល់ ការងារទាំងអស់ សុទ្ធតែមានឧបសគ្គ ដូច្នេះហើយបើអ្នកជាមនុស្សដែល គិតថា ខ្លួនឯងគ្មានសមត្ថភាពអាចដោះស្រាយបញ្ហាទាំងនោះទេ វាប្រាកដជាធ្វើឲ្យអ្នកបរាជ័យ និង មិនអាចបញ្ចេញសក្ដានុពលរបស់ខ្លួនឲ្យអស់នោះឡើយ។ ដូច្នេះហើយ គំនិតសុទិដ្ឋិនិយមគឺជាពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាជួយឲ្យអ្នកអាចបន្តការងារទៅមុខបាន បើទោះបីជាជួបបញ្ហាលំបាកប៉ុណ្ណោះក៏ដោយ៕