Translate

Friday, July 17, 2015

Five mindset, ផ្នត់គំនិត​​​​ ៥​យ៉ាង​ ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​បណ្ដុះ​​ឡើង

·   0

ផ្នត់គំនិត​​​​ ៥​យ៉ាង​ ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​បណ្ដុះ​​ឡើង​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដ៏​ធំធេង

ផ្នត់គំនិត​សំខាន់ៗ​៥​យ៉ាង​ ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​បណ្ដុះ​ជា​ដាច់ខាត ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដ៏​ធំធេង​ប្រភព៖​ topleadersinc.com
ការ ​ធ្វើ​មុខ​ជំនួញ​មួយ​ ប្រកបដោយ​ភាព​ជោគជ័យ​ គឺ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ព្រោះ​ថា​ ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ គឺ ចង្អៀត​ខ្លាំង​​​។​ ​ដោយសារតែ​បែបនេះ​ហើយ​ បាន​ជា​មាន​មនុស្ស​ជាច្រើន​ បាន​​បរាជ័យ​​ ហើយ​រាងចាល​លែង​ចង់​ធ្វើ​ជំនួញ​តទៅ​ទៀត​។ ​ដើម្បី​អាច​​បន្ត​សកម្មភាព​ជំនួញ​ ដើម្បី​ឆ្ពោះ​​ទៅកាន់​ភាព​ជោគជ័យ​នៅ​ពេល​អនាគត​ ​ ​អ្នក​គួរតែ​បណ្ដុះ​ផ្នត់គំនិត​មួយ​ចំនួន​៖

១) ​លុយ​មិនមែន​ ជា​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ
​​ ថ្វីត្បិត​តែ​លុយ​សំខាន់​ ប៉ុន្តែ​​មិនមែន​​មាន​ន័យ​ថា ​មាន​លុយ​គឺ​​មាន​អ្វីៗ​គ្រប់យ៉ាង​ ជា​ពិសេស​នោះ មាន​សុភមង្គល​នោះ​ទេ។​ ​​មនុស្ស​ណា​ក៏ដោយ​ ​ឲ្យ​តែ​គិត​លុយ​ជា​សំខាន់​ ​ពួកគេ​ប្រហែល​ជា​ឆាប់​ជោគជ័យ​ ប៉ុន្តែ​ វា​មិនមែន​ជា​ជោគជ័យ​យូរអង្វែង​នោះ​ឡើយ​។ ​ចំពោះ​ការ​ធ្វើ​ជំនួញ​ ដែល​គិត​ចង់តែ​ពី​ចំណេញ​តែ​ម្យ៉ាង​នោះ ​នឹង​បង្ក​គ្រោះ​ថ្នាក់​ទៅ​ថ្ងៃ​ក្រោយ​​មិន​ខាន​​ ព្រោះ​ការ​ផ្តល់​តម្លៃ​លើ​លុយ​ ឬ ប្រាក់ចំណេញ​ខ្លាំង​ហួសហេតុ​ពេក ធ្វើ​ឲ្យ​​ បុគ្គលិក​ ​គ្រួសារ​​ ក៏ដូចជា​អតិថិជន​ជួប​នូវ​បញ្ហា​។​ កាលណា​អ្នក​ទាំង​នេះ​មាន​បញ្ហា​ នោះ​វា​បញ្ជាក់​ថា ​អនាគត​នៃ​មុខ​ជំនួញ​របស់​អ្នក​ក៏​ត្រូវ​មាន​បញ្ហា​ផង​ដែរ​។​

​២) ​ត្រូវ​គិត​អ្វីៗ​ក្នុង​ផ្លូវ​ល្អ
​មិន​ថា​ មាន​ឧបសគ្គ​ធំ​ប៉ុណ្ណា​ទេ ​បើ​អ្នក​គិតថា​ អាច​ជំនះ​បាន​​ នោះ​លទ្ធផល​គឺ​អាច​មាន​ពីរ គឺ ជោគជ័យ​ និង បរាជ័យ​​ដោយ​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​សមត្ថភាព​របស់​អ្នក​​ ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​អ្នក​គិត​តែ​មិន​អាច​ទៅរួច​ នោះ​មានន័យថា​លទ្ធផល​មាន​តែ​មួយ​ប៉ុណ្ណោះ​គឺ​បរាជ័យ​។ ​ការ​គិត​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ដូច្នេះ​ហើយ​​ អ្នក​គួរ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ដែល​ថា មិនអាច​ទៅរួច​ចោល​ទៅ​ ហើយ​ខិតខំ​ធ្វើ​កិច្ចការ​​ឲ្យ​អស់​ពី​លទ្ធភាព​ ទើប​ជា​ផ្លូវ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​។

៣) ​​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​
​ដើម្បី​អាច​ កែប្រែ​ស្ថានការណ៍​អាក្រក់​ផ្សេងៗ​ ​ជំហាន​ដំបូង​បំផុត​គឺ ​ត្រូវ​តែ​ចេះ​ទទួល​ស្គាល់​ការ​ពិត​ជា​មុន​សិន​។ ​មាន​មនុស្ស​ជាច្រើន​ ​​បាន​អួត​ខ្លួន​​​ឯង​ថា​អស្ចារ្យ​ និង មាន​សមត្ថភាព​ខ្ពស់​​ ​ប៉ុន្តែ​នៅ​ពេល​មាន​បញ្ហា​កើតឡើង​ គឺ​មិនអាច​ដោះស្រាយ​បាន​ ហើយ​ព្យាយាម​បិទបាំង​ការពិត​ ដោយ​ទំលាក់​កំហុស​នេះ​ទៅ​កាន់​អ្នកដទៃ​វិញ​។ ​នេះ​គឺ​ជា​ចំណុច​អវិជ្ជមាន​បំផុត​ ​​ព្រោះ​បើកាលណា​​អ្នក​មិន​ទទួល​ស្គាល់​ការពិត​ទេ​នោះ ​អ្នក​នឹង​រស់នៅ​ជាមួយ​នឹង​ស្រមោល​នៃ​ភាព​ជោគជ័យ​ ដែល​គ្មាន​ថ្ងៃ​អាច​ចាប់​យក​បាន​ឡើយ​។​ ​ដូច្នេះ​ហើយ​ ត្រូវ​ទទួល​ស្គាល់​ថា ​ខ្លួន​មាន​សមត្ថភាព​កម្រិត​ណា​ មាន​ធនធាន​កម្រិត​ណា​​ និង ​បញ្ហា​ប្រឈម​កម្រិត​ណា​ ដើម្បី​អាច​កែប្រែ​​​ឲ្យ​អ្វីៗ​​ប្រសើរ​ឡើង​វិញ​បាន​​ ជាពិសេស​ក្នុង​ពេល​ធ្វើ​ជំនួញ​។​​

​៤) ​ត្រូវ​ចេះ​ឆក់​យក​ឱកាស​
​ឱកាស​ពិត​ជា​មាន​ សារសំខាន់​បំផុត​សម្រាប់​ ​មនុស្ស​គ្រប់រូប​ ជាពិសេស​ក្នុង​វិស័យ​ជំនួញ​។ ​នៅ​ពេល​ឱកាស​ល្អ​មក​ដល់​ ​អ្នក​មិន​គួរ​​ព្រងើយកន្តើយ​នោះ​ឡើយ​ ​ព្រោះ​ភាព​ព្រងើយកន្តើយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្វីៗ​កន្លង​ផុត​ទៅ​ជា​អសារបង់​ មិនខាន​។​ ​​អ្នក​ខ្លះ​ចំណាយ​ពេល​យូរ​ពេក​ដើម្បី​គិត​ រហូត​ធ្វើអ្វី​មិនកើត​ ​​ព្រោះ​វិភាគ​រហូត​ដល់​លែង​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់​ ដោយ​ខ្លាច​នេះ​ខ្លាច​នោះរហូត​ ទោះបីជា​ឱកាស​ល្អ​មកដល់​ក៏ដោយ​។​ ដូច្នេះ​ អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ឲ្យ​បាន​រហ័ស​ និង ត្រឹមត្រូវ​បំផុត​ដើម្បី​បញ្ចៀស​ការ​សោកស្តាយ​​នៅ​ពេល​អនាគត​។


​៥) ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​បំផុត​​
​​​ ទំនួលខុសត្រូវ​គឺ​ ជា​ចំណុច​​ដ៏​សែន​សំខាន់​ដែល​ មនុស្ស​គ្រប់រូប​មិន​អាច​ខ្វះ​បាន​។​ ​ក្នុង​វិស័យ​ជំនួញ​ ​ក៏​មិន​ខុស​ពី​​វិស័យ​ផ្សេង​ទៀត​ដែរ​ ​បើ​កាល​ណា​អ្នក​ជា​មនុស្ស​​ដែល​គ្មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ ​(ពោល​គឺ​ធ្វើ​អ្វីៗ​ឲ្យ​តែ​រួច​ពី​ដៃ និង ទទួល​យក​តែ​ត្រូវ​តែ​មិន​ទទួល​ខុស​)​ មានន័យ​ថា​អ្នក​ជៀស​មិន​ផុត​ពី​ភាព​បរាជ័យ​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត​ដ៏​ឆាប់​ ខាង​មុខ​ឡើយ​។​ ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ គឺ​ជា​​គន្លឹះ​​ចាំបាច់​មួយ​ដែល​ ជួយ​​ពន្លឿន​ការងារ​របស់​អ្នក​ ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​៕

Subscribe to this Blog via Email :