Translate

Friday, July 17, 2015

7 potential skills bring you to get succeed, បើ​​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យត្រូវមានជំនាញ៧យ៉ាង

·   0

បើ​​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ សូម​​​សួរ​ខ្លួន​ឯង​ថា ​តើ​មាន​ជំនាញ​ទាំង​ ៧ នេះ​នៅ​ក្នុង​ខ្លួន​ហើយ​ឬ​នៅ?

នៅ ​ក្នុង​ការ​ប្រកប​អាជីព​អ្វី​ក៏​ដោយ លោកអ្នក​ត្រូវ​តែ​មាន​ជំនាញ​ពីរ​ប្រភេទ​គឺ «ជំនាញ​ទន់» និង​ «ជំនាញ​រឹង» ដែល​ភាសា​អង់គ្លេស​ហៅ​ថា hard skills និង soft skills។ ​នៅ​ក្នុង​ទំព័រ​នេះ សូម​និយាយ​តែ​អំពី​ជំនាញ​ទន់ ដែល​ជា​ជំនាញ​សំខាន់​បន្ថែម​ពី​លើ​ជំនាញ​អាជីព។ សូម​អស់​លោក​អ្នក​កុំ​គិត​ថា​ជំនាញ​ទន់​មិន​សំខាន់​ឲ្យសោះ ​ព្រោះ​កន្លង​មក គេ​សង្កេត​ឃើញ​ថា​អ្នក​ខ្លះ​រៀន​ចប់​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក៏​មិន​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព ១០០% ដែរ​ប្រសិនបើ​ខ្វះ​ជំនាញ​ទន់។ សូម​បញ្ជាក់​ថា​ជំនាញ​ទន់​នេះ អ្នក​ខ្លះ​មាន​អំណោយផល​ពី​កំណើត​តែ​ម្ដង ប៉ុន្តែ​អ្នក​ដែល​មិន​មាន​ពី​កំណើត ​ក៏​អាច​ពង្រឹង​ជំនាញ​ទាំង​នេះ​បាន​ដូច​គ្នា​។

១- ​ជំនាញ​ខាង​ទំនាក់ទំនង (communication skills) ៖ ​មិន​ថា​លោក​អ្នក​ចាប់​អាជីព​ជា​អ្វី ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ ឬ​នៅ​ទី​សាធារណៈ​នោះ​ទេ ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទូទៅ​ពិត​ជា​ជំនាញ​សំខាន់​ដែល​មិន​អាច​ខ្វះ​ បាន។ មិន​អាច​ខ្វះ​បាន​ដើម្បី​ចាប់​អាជីព​ដោយ​ជោគជ័យ។ អ្នក​ខ្លះ​រៀន​សូត្រ​ចេះ​ដឹង មាន​សមត្ថភាព​ធ្វើ​ការ​គ្រប់គ្រាន់ ប៉ុន្តែ​មិន​សូវ​ប្រសប់​និយាយ ឬ​និយាយ​ទៅ​គេ​ស្ដាប់​ទៅ​រាង​ភ្លាវ មិន​សូវ​ចូល​ត្រចៀក​គេ។ មក​ពី​មិន​មាន​ជំនាញ​ខាង​ទំនាក់ទំនង​នៅ​ក្នុង​ខ្លួន។ ​ទំនាក់ទំនង​នៅ​ក្នុង​ន័យ​នេះ​មិន​សំដៅ​តែ​ទៅ​លើ​ការ​និយាយ​ច្រើន ឬ​ពូកែ​និយាយ​បូរបាច់​ប៉ុណ្ណោះ​ទេ។ ពោល​គឺ​ការ​និយាយ​ដែល​មាន​អនុភាព​ទាក់ទាញ​ចំពោះ​អ្នក​ស្ដាប់។

​ប្រសិនបើ​គេ​និយាយ​អំពី​អាជីព​នយោបាយ អ្នក​នយោបាយ​ត្រូវ​តែ​ពូកែ​ផ្នែក​វោហារ ដោយ​មិន​ប្រកាន់​ថា​និយាយ​ខុស ឬ​និយាយ​ត្រូវ​ទេ។ សំខាន់​និយាយ​ដោយ​ទំនុក​ចិត្ត។

២- ជំនាញ​ខាង​ចាត់ចែង រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ និង​ជំនាញ​ខាង​គ្រប់គ្រង (organization and management) ៖ នៅ ​ពេល​លោក​អ្នក​មាន​ជំនាញ​នេះ​នៅ​ក្នុង​ខ្លួន វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ស្មារតី​ទទួល​ខុសត្រូវ និង​ស្គាល់​តួនាទី​របស់​ខ្លួន​ត្រូវ​ធ្វើ​អ្វី។ ម្យ៉ាងទៀត វា​ជួយ​ឲ្យ​មនុស្ស​អនុវត្ត​ផែនការណ៍ និង​ការងារ​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​ប្រសិទ្ធ​ខ្ពស់។ ពុំនោះ​ទេ ការងារ​នោះ​មាន​លក្ខណៈ​រាត់រាយ គ្មាន​វិន័យ គ្មាន​សណ្ដាប់​ធ្នាប់ គ្មាន​របៀបរៀបរយ ឬ​ភាសា​សាមញ្ញា​ហៅ​ថា​ «ឆ្គង»។ ​ក្នុង​នាម​ជា​បុគ្គល​ដែល​មាន​របៀបរៀបរយ មាន​ន័យ​ថា​គេ​គោរព​ពេលវេលា – ពេល​ធ្វើ​ការ ត្រូវ​ផ្ដោត​ការងារ​ជា​សំខាន់ ជាជាង​យក​ម៉ោង​ការងារ​ទៅ​ធ្វើ​អ្វី​មួយ​ក្រៅ​សាច់​ការ ដូចជា​និយាយ​ទូរស័ព្ទ​រាប់​ម៉ោង។ល។

​ជំនាញ​គ្រប់គ្រង​ក៏​រឹតតែ​សំខាន់​ទៅ​ទៀត។ នៅ​ពេល​បុគ្គល​ម្នាក់​មាន​ជំនាញ​គ្រប់គ្រង​នៅ​ក្នុង​ខ្លួន គេ​អាច​គ្រប់គ្រង​អ្វីៗ​គ្រប់យ៉ាង​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ គ្រប់គ្រង​នៅ​ក្នុង​ន័យ​នេះ គឺ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង។ កុំ​ទាន់​ឈាន​ទៅ​គ្រប់គ្រង​អ្នក​ដទៃ សំខាន់​គឺ​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​តែ​បាន​សិន​ទៅ។ គ្រប់គ្រង​ខ្លួន​ឯង​មាន​ដូចជា ៖ ១- គ្រប់គ្រង​សុខភាព​ខ្លួន​ឯង ទាំង​សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវ​ចិត្ត។ ២- ​គ្រប់គ្រង​ធនធាន គ្រប់គ្រង​ពេលវេលា គ្រប់គ្រង​ការងារ។ល។ ប្រសិនបើ​បុគ្គល​ម្នាក់​គ្មាន​ជំនាញ​ខាង​ចាត់ចែង​ឲ្យ​មាន​របៀបរៀបរយ និង​ជំនាញ​ខាង​គ្រប់គ្រង​ទេ ទោះបី​អ្នក​នោះ​មាន​ចំណេះវិជ្ជា​ជ្រៅជ្រះ​ក្នុង​វិស័យ​អ្វី​មួយ ក៏​បំពេញ​ការងារ​មិន​មាន​ប្រសិទ្ធភាព ១០០% ព្រោះ​កុំ​ភ្លេច​ពាក្យ​ចាស់​បុរាណ​មួយ​ឃ្លា «ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច»។

​៣- ជំនាញ​ចរចា​បញ្ចុះបញ្ចូល និង​សម្របសម្រួល (negotiation) ៖ ​នៅ​ក្នុង​ពេល​សម្ភាស​ការងារ ប្រសិនបើ​អ្នក​ណា​ពូកែ​ខាង​ផ្នែក​នេះ អាច​អន្ទង​ចិត្ត​និយោជក​ឲ្យ​ទទួល​យក​លោក​អ្នក​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ អង្គភាព​របស់​​គេ​។ លោក​អ្នក​អាច​សុំ​បាន​ប្រាក់​ខែ​ខ្ពស់ និង​ទទួល​បាន​មុខ​តំណែង​ល្អ​អាស្រ័យ​ដោយសារ​ជំនាញ​នេះ​។ នៅ​ក្នុង​មុខ​របរ​រក​ទទួល​ទាន អ្នក​ខ្លះ​អាច​ទិញ​ទំនិញ​បាន​ថោក អាស្រ័យ​ដោយ​សារ​គេ​ពូកែ​តថ្លៃ។ គេ​ពូកែ​តថ្លៃ ដោយសារ​គេ​មាន​ជំនាញ​ខាង​ចរចា​បញ្ចុះបញ្ចូល។

៤- ជំនាញ​ខាង​វិភាគ​ស៊ីជម្រៅ (critical thinking)៖ ជំនាញ​នេះ​ជួយ​ឲ្យ​លោក​អ្នក​មើល​ឃើញ​បញ្ហា​ដែល​កើត​មាន​ចំពោះ​មុខ និង​រិះរក​ដំណោះស្រាយ​ទុក​ជាមុន ដើម្បី​ជៀសវាង «ទឹក​លិច​ដល់​ច្រមុះ​ហើយ ទើប​ខំ​ប្រវេប្រវា​រក​គ្រា​បន្ទាល់»។ ក្រៅពី​នេះ លោក​អ្នក​ក៏​អាច​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ហើយ​មិន​សូវ​ចម្លង​គំនិត​ពី​គេ។ បើ​ទុក​ជា​ចម្លង​ពី​គេ​ក៏​មិន​ចម្លង​ទាំង​ដុល​ដែរ ព្រោះ​ចេះ​កែច្នៃ និង​សំយោគ បង្កើត​គំនិត​ថ្មី។

​៥- ជំនាញ​ខាង​សហការ​គ្នា​ក្នុង​អង្គភាព និង​ជំនាញ​ខាង​ដឹកនាំ​ក្រុម (teamwork and delegation) ៖ ការងារ​មួយ​អាច​ចេញ​ជា​លទ្ធផល​ល្អ អាស្រ័យ​ដោយសារ​បុគ្គលិក​ក្នុង​អង្គភាព​ចេះ​សហការ​គ្នា ធ្វើ​ការ​ស៊ីសង្វាក់​គ្នា (teamwork)។ ប្រសិនបើ​នៅ​ក្នុង​អង្គភាព​មួយ មនុស្ស​ធ្វើ​ការ​គ្មាន​ឯកភាព​គ្នា មិន​ចេះ​យល់​ចិត្ត​គ្នា នោះ​ការងារ​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មិន​អាច​ទទួល​លទ្ធផល​ឆាប់​រហ័ស​ទាន់​ពេល​វេលា​ទេ។

៦- ​ជំនាញ​ខាង​ស្រាវជ្រាវ និង​វិភាគ​ទិន្នន័យ (research and analysis) ៖ ការ​និយាយ​អ្វី ឬ​ប្រកប​អាជីព​អ្វី​ដោយ​គ្មាន​ការ​ស្រាវជ្រាវ និង​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ទេ អាច​មិន​សូវ​ជោគជ័យ​ទេ ព្រោះ​ធ្វើ​ទៅ​ព្រាវៗ ឬ​គិត​ស្មានៗ ប្រាសចាក​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង។ ជំនាញ​ខាង​ស្រាវជ្រាវ និង​វិភាគ​ទិន្នន័យ​នេះ​ហើយ ដែល​នាំ​ឲ្យ​គេ​អាច​ស្រាវជ្រាវ​ឃើញ​របកគំហើញ​ថ្មីៗ និង​អាថ៌កំបាំង​ថ្មីៗ។

៧- ការ​ពង្រឹង​​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង (confidence) ៖ ទោះបី​ជា​លោក​អ្នក​នៅ​មាន​គោលជំហរ​ទន់​ជ្រាយ​ចំពោះ​ខ្លួន​ឯង​យ៉ាង​ណា​ក្ដី ក៏​គួរ​តែ​ខំ​ព្យាយាម​ពង្រឹង​ជំនាញ​នេះ​ឲ្យ​បាន​ខ្លាំង។ ការ​ធ្វើ​អ្វី​ប្រកប​ដោយ​ទំនុក​ចិត្ត​ វា​ជា​គន្លឹះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​នាំ​ឆ្ពោះ​ទៅ​រក​ជោគជ័យ។ អស់​លោក​ខ្លះ​មាន​ទំនោរ​ទៅ​រក​ភាព​អវិជ្ជមាន។ នៅ​ពេល​ដែល​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​ផង ក៏​ថ្លែង​រឿង​អស់​សង្ឃឹម​ទុក​មុន ឬ​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ទុក​មុន។ ធ្វើ​របៀប​នេះ នាំ​ឲ្យ​​មនុស្ស​អស់​អារម្មណ៍ ឬ​អស់​ទឹក​ចិត្ត​នឹង​ប្រឹង។ ដូចនេះ ទោះបី​លទ្ធផល​ទៅ​ជា​យ៉ាងណា​ក៏​ដោយ សំខាន់​ត្រូវ​លោក​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​និច្ច ថា​ត្រូវ​តែ​ធ្វើ​ឲ្យ​ចេញ​ជា​លទ្ធផល ហើយ​តស៊ូ​ដល់​គ្រា​បញ្ចប់៕



ជំនាញ​ខាង​ទំនាក់​ទំនង​ និង​ចរចា​មាន​សារៈ​សំខាន់​ជា​ពិសេស​នៅ​ក្នុង​វិស័យ​នយោបាយ​និង​ការទូត​
ជំនាញ​ខាង​ទំនាក់​ទំនង​ និង​ចរចា​មាន​សារៈ​សំខាន់​ជា​ពិសេស​នៅ​ក្នុង​វិស័យ​នយោបាយ​និង​ការទូត​


Subscribe to this Blog via Email :