Translate

Thursday, October 30, 2014

The Better Meeting



ការ​ប្រជុំ​ដ៏​ល្អ​ ​ត្រូវ​​​​ធ្វើ​ឡើង​តាម​របៀបណា​ខ្លះ?

នៅ ​ក្នុង​កិច្ចការ​អាជីវកម្ម​ក្តី សិក្សា​ក្តី និង ការ​ស្រាវជ្រាវ​ផ្សេងៗ​ក្តី រមែង​ត្រូវ​មាន​កិច្ចពិភាក្សា​មួយ​​​​​របស់​ខ្លួន​ដើម្បី​​​ស្រាវជ្រាវ ស្វែង​រក​យុទ្ធសាស្ត្រ​ ឬ ដំណោះស្រាយ​នានា​សម្រាប់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ ​ការ​ប្រជុំ​ទាំងអស់​មិនមែន​សុទ្ធតែ​​ទទួល​បាន​ផ្លែផ្កា​ទាំង​អស់​នោះ​ទេ ពោល​គឺ​វា​មាន​កត្តា​ជា​ច្រើន​ដូច​ជា ប្រជុំ​បាន​​លទ្ធផល​ហើយ តែ​កង្វះ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត។ មាន​​ការ​ប្រជុំ​ខ្លះ​ទៀត បាន​​​ដំណើរការ​មិន​ចប់​ចុង​ចប់​ដើម​​គ្មាន​អ្វី​ជា​ដុំកំភួន​សោះ​ ដែល​នេះ​នាំ​តែ​ខាត​ពេល​ឥត​ប្រយោជន៍។
ខាងក្រោម​នេះ​ជា​​គន្លឹះ ១០ ចំណុច​ដែល​ជួយ​ឲ្យ​ប្រិយមិត្ត​អ្នកអាន​​ក្នុង​ការ​រៀបចំ​ការ​ប្រជុំ​មួយ​ដោយ​ប្រសិទ្ធភាព៖​​​​

១) អ្នក​ដឹកនាំ​ក្រុម
តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​ប្រជុំ​របស់​អ្នក? អ្នក​ណា​នឹង​ធ្វើ​ការ​សម្រេចចិត្ត​នៅ​​ក្នុង​ការ​ប្រជុំ​នេះ? តើ​អ្នកណា​ជា​​ធ្វើ​ការ​សម្រេចចិត្ត​ថា ​ការ​ប្រជុំ​​ចាប់ផ្តើម បញ្ចប់ ឬ ផ្លាស់ប្ដូរ​​នៅ​ពេល​ណា? នេះ​ជា​​មូលហេតុ​ដែល​​​ការ​ប្រជុំ​របស់​អ្នក​ត្រូវ​មាន​​អ្នកដឹកនាំ​ក្រុម​ ម្នាក់​ទទួល​​ខុសត្រូវ​លើ​ចំណុច​ទាំង​នេះ។​

២) ​បង្កើត​គោលដៅ​នៃ​ការប្រជុំ
នៅ​​ពេល​​ប្រជុំ ​អ្នក​ដឹកនាំ​ត្រូវ​​ដឹង​​ និង យល់​ឲ្យ​បាន​ច្បាស់​ជា​ទីបំផុត​ថា តើ​គោលដៅ​ការ​ប្រជុំ​ធ្វើ​ឡើង​ដើម្បី​អ្វី? ការ​កំណត់​គោលដៅ​​​ការ​ប្រជុំ​របស់​អ្នក​បាន​លុះត្រា​តែ​អ្នកដឹកនាំ​ក្រុម​ ស្គាល់​ពី​អ្វី​ដែល​ជា​ការ​ចង់​បាន គំនិត មតិ ឬ គោល​បំណង​របស់​សមាជិក​ក្រុម​ជា​មុន​សិន ដើម្បី​​ជួយ​ឲ្យ​សមាជិក​ក្រុម​ទាំង​មូល​អាច​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គោលដៅ​ នោះ។

៣) លើក​ឡើង​ពី​លក្ខខណ្ឌ​​​នានា​​ត្រៀម​ទុក​​មុន​ពេល​​ប្រជុំ​
សម្រាប់​អ្នក​ដឹកនាំ​ក្រុម មុន​នឹង​ប្រជុំ​​ ត្រូវ​បង្ហាញ ឬ ពណ៌នា​គោលដៅ​ពី​អ្វី​ដែល​សមាជិក​នៅ​ក្នុង​ក្រុម​ម្នាក់​ត្រូវ​ត្រៀម​មុន​ពេល ​មក​ប្រជុំ។ សមាជិក​ម្នាក់​ៗ​ត្រូវ​​រៀបចំ​គំនិត ឬ មតិយោបល់​ដែល​ជា​ទស្សន​របស់​ខ្លួន​ជា​មុន​សិន​ឲ្យ​បាន​ល្អ​ប្រសើរ។ ប្រការ​នេះ​ជា​ការ​ធានា​​ឲ្យ​មាន​ប្រសិទ្ធភាព និង ទំនួល​ខុសត្រូវ​​ពី​សមាជិក​ម្នាក់ៗ ​ដើម្បី​ឲ្យ​កិច្ចប្រជុំ​មួយ​ធ្វើ​ឡើង​​ប្រកប​ដោយ​ភាព​​ជោគជ័យ​។

៤) កំណត់​ចំនួន​អ្នក​ចូលរួម​
មក​ដល់​ចំណុច​នេះ​អ្នក​ត្រូវ​​យល់​ថា ការ​ប្រជុំ​ដែល​មាន​មនុស្ស​កាន់តែ​ច្រើន ប្រសិទ្ធភាព​នៃ​ការ​ប្រជុំ​នោះ​ក៏​កាន់តែ​តិច​​ទៅ​តាម​នោះ​ដែរ។ សមាជិក​ខ្លះ មិន​សូវ​​​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នោះ​ឡើយ ឬ ក៏​និយាយ​កាត់​នៅ​កំឡុង​ពេល​មាន​​ការ​​ពិភាក្សា ដែល​នេះ​​រំខាន​ទៅ​​ដល់​ការ​ប្រជុំ​​ទាំង​មូល។ ដំណោះស្រាយ​ដ៏​ល្អ គឺ​ត្រូវ​អញ្ជើញ​សមាជិក​សំខាន់ៗ​ឲ្យ​មក​ចូល​រួម​ក្នុង​ការ​ប្រជុំ ហើយ​ចែកចាយ​​ពី​លទ្ធផល​នៃ​ការ​​ប្រជុំ​បន្ត​ទៅ​សមាជិក​ដទៃ​ទៀត​ដែល​មិន​​បាន ​ចូលរួម​។

​​៥) អនុញ្ញាត​ឲ្យ​សមាជិក​ម្នាក់ៗ​បញ្ចេញ​ទស្សនៈ​បាន​​​គ្រប់ៗគ្នា
តើ​អ្នក​​ចង់​ឲ្យ​ការ​ប្រជុំ​របស់​អ្នក​ទទួល​បាន​ផ្លែផ្កា​ដែល​ឬ​ទេ? ចម្លើយ​នោះ​អ្នក​ពិត​ជា​ចង់។ ប៉ុន្តែ បើ​​ប្រធាន​​ក្រុម​គិតតែ​និយាយ​តែ​ឯង មិន​​ផ្តល់​ឱកាស​ឲ្យ​​សមាជិក​ផ្សេង​ទៀត​បញ្ចេញ​ទស្សនៈ​​របស់​ខ្លួន​ស្មើៗ​ គ្នា​ទេ​នោះ មិន​យូរ​មិន​ឆាប់​កិច្ចប្រជុំ​ដ៏​គួរឲ្យ​ធុញ​មួយ​នឹង​កើត​ឡើង​ជា​មិនខាន។ សូម​ផ្តល់​ឱកាស​ឲ្យ​សមាជិក​គ្រប់​រូប​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ ហើយ​​បើ​ការ​ប្រជុំ​នោះ​ចំណាយ​ពេល​​យូរ​ ត្រូវ​​អនុញ្ញាត​​ឲ្យ​ពួកគេ​បាន​​សម្រាក​បន្តិច​មុន​នឹង​ចាប់​ផ្តើម​បន្ត​ទៅ ​ទៀត។

៦) កុំ​ភ្លេច​គោលការណ៍​បោះ​ឆ្នោត
មើល​ទៅ​ការ​ប្រជុំ​របស់​អ្នក​ហាក់​មាន​លក្ខណៈ​ផ្លូវការ​ដូច​ការ​ប្រជុំ​សភា​ ខ្លាំង​ណាស់ តែ​តាម​ការពិត​​ទៅ​ការ​ជ្រើសរើស​យក​គោលការណ៍​នេះ​គឺ​ពិត​រឿង​ត្រឹមត្រូវ។ មាន​មតិ​ខ្លះ​នៅ​ក្នុង​ការ​ប្រជុំ​អាច​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ក្រុម​ពិបាក​ សម្រេច។ យ៉ាងណាមិញ​ ការ​បោះឆ្នោត​លើ​ជម្រើស​ដែល​បាន​លើកឡើង​នីមួយៗ នឹង​អាច​ដោះស្រាយ​បញ្ហា​ទាល់ច្រក​នេះ​បាន និង មើល​ទៅ​វា​មិន​មាន​លក្ខណៈ​​ផ្ដាច់ការ​ផង មុន​ជ្រើសរើស ឬ ផ្អឹប​ទុក​គំនិត​យោបល់​របស់​សមាជិក​ណា​ម្នាក់។

៧) ទុក​​​​ស្លាយ​​មួយ​ឡែក ហើយ​ប្រើ​​​ក្តារខៀន​​ជំនួស​វិញ
ស្លាយ​សម្រាប់​ដាក់​បញ្ចាំង​នៅ​​ផ្ទាំង​ក្រណាត់​ស ឬ ក្តារខៀន​គួរ​​ទុក​មួយ​ឡែក​សិន​ ព្រោះ​ថា​នៅ​ពេល​ប្រជុំ សមាជិក​នីមួយ​ៗនឹង​មាន​គំនិត​ ឬ គន្លឹះ​ថ្មីៗ​ជា​ច្រើន​ទៀត​ដែល​នឹង​ត្រូវ​កត់ត្រា និង ដាក់​បង្ហាញ​សម្រាប់​សរសេរ​ពន្យល់​ណែនាំ។ អ្នក​ដឹកនាំ​ក្រុម​ត្រូវ​សរសេរ​ចំណុច​សំខាន់ ឬ គូរ​ជា​រូបភាព ពាក្យ​គន្លឹះ​ជា​ដើម ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សមាជិក​ក្នុង​ក្រុម​អាច​យល់​បាន​ពី​អ្វី​ដែល​មាន​​នៅ​លើ ​ក្តារខៀន​នោះ​។

៨) កុំ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ដើម​សបា្តហ៍​
ហេតុ​អ្វី​​បាន​ជា​អ្នក​មិន​គួរ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​? ជា​ការ​ពិត​ថ្ងៃ​ចន្ទ​គឺ​ជា​ថ្ងៃ​​ដើម​សបា្តហ៍ ហេតុ​ដូច្នេះ​សមាជិក​​​ភាគ​ច្រើន​មិន​បាន​ត្រៀម​ទុក​ជា​មុន​នូវ​អ្វី​ដែល​ ត្រូវ​គ្រោង​ទុក​សម្រាប់​ការ​ប្រជុំ​នោះ​ឡើយ​។ ការ​ប្រជុំ​ដែល​មាន​ស្តង់ដារ គឺ​ជា​ការ​ប្រជុំ​ដែល​សមាជិក​ក្រុម​នីមួយ​ៗ​បាន​ត្រៀម​ទុក​ជា​មុន​ យ៉ាងហោចណាស់​ឲ្យ​បាន​មួយ​ថ្ងៃ​​មុន​ដែរ ហើយ​ត្រូវ​អ៊ីមែល ឬ ផ្តល់​ព័ត៌មាន​លម្អិត​ពី​អ្វី​ដែល​នឹង​លើក​ឡើង​​នៅ​ពេល​ប្រជុំ​ដូច​ជា ​បញ្ហា​ការងារ អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​សបា្តហ៍​នេះ ឬ សបា្តហ៍​ក្រោយ​ជា​ដើម។​​​​​

៩) បញ្ចប់​ការ​ប្រជុំ​ស្រប​តាម​ពេល​កំណត់
នៅ​ពេល​ដែល​​ការ​ប្រជុំ​​មួយ​បាន​ដំណើរការ​លើស​ពី​​ពេល​វេលា​ដែល​បាន​ គ្រោងទុក វា​​លែង​ទៅ​ជា​ការ​ប្រជុំ​មួយ​ដែល​​មាន​ស្តង់ដារ​ទៀត​ហើយ ពោល​​វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សមាជិក​ក្នុង​ក្រុម។ នេះ​បញ្ជាក់​ថា ប្រសិទ្ធភាព​ក្នុង​ពេល​ប្រជុំ​ក៏​បាត់​បន្តិច​ទៅ​តាម​នេះ​ដែរ ហើយ​​ក្រោយ​​មក​ការ​យកចិត្ត​ទុកដាក់​ស្តាប់​របស់​ពួកគេ ប្រហែល​នឹង​ត្រូវ​សាបរលាប​ដែរ។ ជា​ការ​ល្អ នៅ​​ពេល​​ប្រជុំ​មួយ អ្នក​ដឹកនាំ​គួរតែ​ចាត់ចែង​​អ្នកណា​ម្នាក់​ ធ្វើ​ជា​អ្នក​គ្រប់គ្រង​ពេលវេលា​ប្រជុំ សម្រាប់​បញ្ជាក់​ពី​ពេល​ដែល​ត្រូវ​ប្រជុំ ឬ ​ពេលវេលា​ដែល​នៅ​សេសសល់​ក្នុង​ពេល​ប្រជុំ​នោះ។​

១០) បង្កើត​គម្រោង​អនុវត្ត
តើ​អ្នក​ចូលរួម​ត្រលប់​ទៅ​វិញ​​ជា​មួយ​អ្វី​ខ្លះ? ចម្លើយ​នោះ​គឺ​មិនមែន​ទៅ​ដោយ​ដៃ​ទទេ​នោះ​ទេ ពោល​គឺ​ត្រូវ​បញ្ជាក់​ពី​តួនាទី​របស់​សមាជិក​ក្រុម​ដែល​ត្រូវ​ធ្វើ​នៅ​ជំហាន ​បន្ទាប់​តាម​រយៈ​ការ​បង្កើត​គម្រោង​អនុវត្ត​មួយ​ឲ្យ​ពួកគេ។ គម្រោង​នេះ​ ត្រូវ​សរសេរ​លម្អិត​ពី​​​​វិធីសាស្ត្រ លក្ខខណ្ឌ​នានា និង​ ទំនួល​ខុសត្រូវ​របស់​សមាជិក​ក្រុម​ឲ្យ​បាន​ច្បាស់លាស់​​ដើម្បី​យក​ទៅ​ អនុវត្ត៕
·   0

Saturday, October 25, 2014

The 7 principles change from simple manager to a good manager



គោលការណ៏៧យ៉ាងដើម្បី ​ប្រែក្លាយ​ពី​​អ្នក​គ្រប់គ្រង​​​សាមញ្ញ​ទៅ​អ្នក​គ្រប់គ្រង​ល្អ


គោលការណ៍​គ្រឹះ​ទាំង៧ប្រែក្លាយ​ពី​​អ្នក​គ្រប់គ្រង​​​សាមញ្ញ​ទៅ​អ្នក​គ្រប់គ្រង​ល្អប្រភព៖​ windstartech
ត្រឹមតែ ​ជា​អ្នក​​គ្រប់គ្រង​​គ្រប់គ្រាន់​ដែរ​ឬទេ? នេះ​ជា​សំនួរ​មួយ​ដែល​ប្រិយមិត្ត​អ្នកអាន​ ជា​ពិសេស​សហគ្រិន និង អ្នក​គ្រប់គ្រង​នានា​​គួរ​ស្វែង​យល់​យ៉ាង​ប្រុងប្រយ័ត្ន​។ មិត្ត​អ្នក​អាន​អាច​យល់​​ថា ដោយសារ​តែ​​លោក​អ្នក​ជា​មនុស្ស​មាន​សមត្ថភាព​ និង មាន​ទំនុកចិត្ត​ទើប​​ត្រូវ​បាន​គេ​ចាត់តាំង​ឲ្យ​ទទួល​ខុសត្រូវ​ជា​អ្នក​​ គ្រប់គ្រង​នៅ​​​ក្នុង​ស្ថាប័ន​ណា​មួយ។

យ៉ាងណាមិញ សូម​ចាំ​ថា រាល់​បុគ្គលិក​ទាំងអស់ ត្រូវ​ការ​អ្នក​​គ្រប់គ្រង​ម្នាក់​ដែល​មាន​គុណភាព និង មាន​គុណ​តម្លៃ​យ៉ាង​ច្រើន​​ដល់​បុគ្គលិក​គ្រប់គ្នា។ បើ​ដូច្នេះ​មែន​នោះ ត្រឹមតែ​​ជា​អ្នក​គ្រប់គ្រង វា​មិន​ទាន់​គ្រប់គ្រាន់​ទេ តែ​លោក​អ្នក​ត្រូវ​​​ក្លាយ​ជា​​អ្នក​គ្រប់គ្រង​មួយ​​​ដ៏​ល្អ​ផ្តល់​ភាព​ជា​​ គំរូ​ដល់​មនុស្ស​គ្រប់គ្នា។ ហេតុដូច្នេះ​ បើ​អ្នក​គ្រប់គ្រង​មួយ​ចំនួន​យល់​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត​​​ត្រង់​ចំណុច​​ណាមួយ​ សូម​សិក្សា​ពី​គន្លឹះ​ចំនួន​៧ ខាងក្រោម​នេះ​ដើម្បី​ប្រែក្លាយ​ពី​អ្នកគ្រប់គ្រង​សាមញ្ញ​ទៅ​ជា​ អ្នកគ្រប់គ្រង​ល្អ​មួយ​រូប​។

១) រក្សា​ឥរិយាបថ​ឲ្យ​បាន​ល្អ​​
ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) គឺ​ជា​ចំណុច​ស្លាប់រស់​​មួយ​របស់​​អ្នក​គ្រប់គ្រង​ដ៏​​ល្អ ហើយ​អ្នក​គ្រប់គ្រង​ដ៏​ល្អ​បាន​ដឹង​ថា ថាមភាព និង ឥរិយាបថ​ជួយ​បង្កើន​ល្បឿន​ការងារ​នៅ​ថ្ងៃ​នេះ។ គេ​អាច​មើល​ឃើញ​ជា​ទូទៅ​ថា ភាព​​ខុសគ្នា​រវាង​អ្នក​គ្រប់គ្រង​សាមញ្ញ និង អ្នក​គ្រប់គ្រង​ល្អ គឺ​ថា​អ្នក​គ្រប់គ្រង​សាមញ្ញ​​ឡើង​ជណ្តើរ​​មួយៗ ខណៈ​ដែល​អ្នក​គ្រប់គ្រង​ល្អ​វិញ​ព្យាយាម​រត់​ឡើង​ជណ្តើរ​​នោះ។ ​​​

ងាក​មក​មើល​ការ​ស្លៀកពាក់ និង តុបតែង​កាយ​វិញ អ្នក​គ្រប់គ្រង​ល្អ​តែង​​ស្លៀកពាក់​សមរម្យ​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​ថា​ធានា​ថា ភាសា​កាយវិការ​ពិត​ជា​ជះឥទ្ធិពល និង គំរូ​ដល់​បុគ្គលិក​ឯទៀត​។ រីឯ​ភាសា​ទំនាក់ទំនង​វិញ មាន​ភាព​ច្បាស់លាស់ ងាយ​​យល់ ម៉ត់ចត់ ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​គ្រប់គ្នា​អាច​ទទួល​យក​បាន​ទោះបី​ជា​ស្ថិត​នៅ​ក្នុង ​ស្ថានភាព​តឹងតែង​ណា​មួយ​​ក៏ដោយ។


២)​ ធ្វើ​ឲ្យ​មាន​​​​តម្លាភាព​​ដល់​​មនុស្ស​គ្រប់គ្នា​
​​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​គ្រប់គ្រង​​ដ៏​ល្អ​បាន​ទេ បើ​សម្ដី​របស់​អ្នក​សាប​ដូច​ជា​ចុង​អំពៅ។ ហេតុដូច្នេះ​ការ​និយាយ​ស្តី​ចំៗ ពិតៗ និង​ដោយ​ផ្ទាល់​​ទន្ទឹម​នឹង​មាន​​ភាព​ស្មោះត្រង់​ជា​ពិសេស​នៅ​ពេល​មាន​​​​ ស្ថានភាព​​មិន​ល្អ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​​គ្រប់គ្រង​ល្អ​ត្រូវ​ធ្វើ។ លើស​ពី​នេះ​ទៅ​ទៀត តម្លាភាព​របស់​អ្នក​​គ្រប់គ្រង​​ល្អ បង្ហាញ​ភាព​ជា​វិជ្ជមាន​ក្នុង​ការ​ឆ្លើយតប​​​ភ្លាមៗ ជាមួយ​នឹង​ការ​យក​យន្តការ​​ដំណោះស្រាយ​ធ្វើ​ជា​មូលដ្ឋាន។

អ្វី​ដែល​គេ​មើល​ឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​នោះ​គឺ​ថា អ្នក​គ្រប់គ្រង​​ដែល​មាន​តម្លាភាព គឺ​ជា​បុគ្គល​ដែល​និយាយ​ដោយ​បើកចំហ មិន​លាក់លៀម និង បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​ចូលរួម​វាយតម្លៃ​ ព្រម​ទាំង​ផ្តល់​​មតិ​កែលំអ​លទ្ធផល​ការងារ​​​បាន​ដោយ​ស្មើភាព​។​​​

៣) បង្ហាញ​ភាព​ចាស់ទុំ​ និង គំរូ​ដល់​មនុស្ស​គ្រប់គ្នា​
ភាព​ជា​ចាស់ទុំ​ក្នុង​​ពេល​បំពេញ​ការងារ​ក្តី ក្រៅ​ការងារ​ក្តី​សុទ្ធតែ​ជះឥទ្ធិពល​ ​និង ផ្តល់​គំរូ​មួយ​ដល់​មនុស្ស​គ្រប់គ្នា ជា​ពិសេស​របស់​បុគ្គលិក​ក្រោម​បង្គាប់​តែម្តង។ ម៉្លោះហើយ អ្នក​​គ្រប់គ្រង​​ដែល​ល្អ​ត្រូវ​គិតគូរ​បង្ហាញ​ឧត្តមភាព​មួយ​យ៉ាង​មាន​តម្លៃ ​​សម្រាប់​ធ្វើ​ជា​កញ្ចក់​​​ដល់​មនុស្ស​គ្រប់គ្នា​។ នេះ​មិន​ត្រឹម​តែ បង្ហាញ​គុណ​តម្លៃ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ឯទៀត​អនុវត្ត​តាម និង មាន​ទំនូល​ខុសត្រូវ​ខ្ពស់​ទាំង​​ទំនាក់ទំនង​ក្នុង​ការងារ​ក្តី ក្រៅ​ការងារ​ក្តី ជា​ពិសេស​គឺ​ក្រមសីលធម៌​នេះ​ឯង។

៤) ចេះ​បទ​បែន​តាម​កាលៈទេសៈ​​​​
អ្នក​​គ្រប់គ្រង​​ល្អ ​គឺ​ជា​បុគ្គល​ស្គាល់​កាលៈទេសៈ​ច្បាស់លាស់​ថា អ្វី​ដែល​គូរ​ធ្វើ ឬ ផ្លាស់ប្ដូរ​នៅ​​ពេល​នេះ។ ជា​មួយ​ជំនឿ​ដ៏​ជឿជាក់​​របស់​​អ្នក អ្នក​​ត្រូវ​​ប្រែក្លាយ​ឧបសគ្គ និង បញ្ហា​ប្រឈមមុខ​ដ៏​តឹងតែង​ទាំង​នោះ​ឲ្យ​ស្រប​តាម​កាលៈទេសៈ អាច​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រលូន​ហាក់​មិន​មាន​អ្វី​កើត​ឡើង​។

អ្វី​ដែល​រឹត​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ក្នុង​អំឡុង​ពេល​នេះ​ អ្នក​​ត្រូវ​ឈ្លេចសួរ​​បុគ្គលិក ឬ មនុស្ស​គ្រប់គ្នា​ ថា​តើ​​អ្នក​ទាំង​នោះ​​មាន​ប្រតិកម្ម​​យ៉ាងណា​ចំពោះ​បញ្ហា​ថ្មីៗ​នេះ​? សូម​កុំ​នៅ​ស្ងប់ស្ងៀម​ឲ្យ​សោះ ព្រោះ​ថា​​កាលៈទេសៈ​ដែល​ផ្លាស់ប្ដូរ​ទាមទារ​ឲ្យ​មាន​កិច្ចពិភាក្សា​កាន់តែ​ ច្រើន​ ត្បិតអី​​វា​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​ដំណោះស្រាយ​​បញ្ហា​ដែល​ឥត​ព្រាងទុក​ ។ ​​​​​​​​



៥) ពង្រឹង​គណនេយ្យ​ភាព​ក្នុង​ការងារ
ចំណុច​មួយ​ទៀត​ដែល​គេ​យល់​ថា ធ្វើ​ឲ្យ​​​គ្រប់គ្រង​​សាមញ្ញ​​ម្នាក់​ក្លាយ​ទៅ​ជា​​អ្នក​គ្រប់គ្រង​​ល្អ​ បាន​ គឺ​គណនេយ្យ​ភាព​នៅ​ក្នុង​ការងារ។ គណនេយ្យ​ភាព​ដែល​និយាយ​ឲ្យ​ងាយ​យល់​ថា ជា​ទំនូល​ខុសត្រូវ​​ធ្វើ​ឲ្យ​​​ការងារ​ទទួល​បាន​​ផ្លែផ្កា​ ជា​​ភារកិច្ច​​របស់​អ្នក​គ្រប់គ្រង​​។ ហេតុ​ដូច​នេះ ​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ល្អ​ អ្នក​ត្រូវ​បង្កើត​ឲ្យ​មាន​វប្បធម៌​ល្អៗ ជា​ដំណោះស្រាយ​ក្នុង​ការងារ​ និង ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​កសាង​បរិស្ថាន​ការងារ​មួយ​ដែល​មាន​ការ​រៀនសូត្រ​ គ្មាន​ដែន​កំណត់។

​​​៦) ជួយ​​អនុវត្ត​យុទ្ធសាស្ត្រ​ការងារ​ដល់​បុគ្គលិក​​​
អ្នក​គ្រប់គ្រង​​ល្អ មិន​មាន​គ្រាន់តែ​ដឹង​ត្រឹមតែ​ភាព​ជា​អ្នក​គ្រប់គ្រង​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​​បង្ហាញ និង ​អនុវត្ត​យុទ្ធសាស្ត្រ​ការងារ​ដល់​បុគ្គលិក​​ក្រោម​បង្គាប់​របស់​ខ្លួន​ផង​ ដែរ។ ជា​ឧទាហរណ៍ អ្នក​​គ្រប់គ្រង​​​ល្អ​មិន​ត្រឹមតែ​តែ​ផ្តល់​មតិ​កែលំអ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​អនុវត្ត​​ដំណោះស្រាយ​​ឬ មតិ​កែលំអ​ទាំង​នោះ​ផង​ដែរ​ជា​មួយ​គោលដៅ​មួយ​យ៉ាង​​ច្បាស់លាស់​ពិតប្រាកដ។ នៅ​ពេល​ដែល​អ្នក​​បើក​ផ្លូវ​ណា​មួយ​ដល់​ពួកគេ នោះ​ជា​ចំណែក​មួយ​​យ៉ាង​ធំធេង​ជួយ​កសាង​ទំនុកចិត្ត​ដល់​​ពួកគេ​បន្ថែម​ទៀត​​ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ​។ ​
​​​​
៧) អភិវឌ្ឍ​ទេពកោសល្យ​របស់​អ្នក
សារសំខាន់​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​មួយ​ដែល​មាន​អ្នក​គ្រប់គ្រង​ល្អ គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​បុគ្គល​ចូលរួម​អភិវឌ្ឍ​ទេពកោសល្យ​របស់​ខ្លួន​ ច្រើន។ បុគ្គល​ទាំង​​នេះ ជា​អ្នក​ដែល​អាច​ផ្លាស់ប្ដូរ​​វិវត្ត​​ឈរ​នៅ​លើ​ទីតាំង​មួយ​ដ៏​ត្រឹមត្រូវ និង ចំ​កាលៈទេសៈ។ ទាំង​នោះ​មាន​ដូច​ជា ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ឱកាស​ថ្មីៗ និង ការ​អនុវត្ត​​គម្រោង​នានា​ដែល​​ឆ្ពោះ​ទៅ​រក​​ការ​អភិវឌ្ឍ​​មួយ​ជា​តម្រូវ​ ការ និង ការ​សម្រេចចិត្ត​របស់​មនុស្ស​គ្រប់គ្នា។ អ្នក​គ្រប់គ្រង​ល្អ ក៏​ជា​បុគ្គល​ដែល​គិតគូរ​ពី​អនាគត​យ៉ាង​​យក​ចិត្ត​ទុកដាក់​​បំផុត ដើម្បី​បង្កើន​សក្តានុភាព​ការងារ និង ​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់គ្នា៕

·   0